ព្រឹទ្ធសភាបារាំងទាមទារអោយសមាជិកប្រទេសជាហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស កោះប្រជុំ ដើម្បីចាត់ការកម្ពុជាជាបន្ទាន់

សមាជិកព្រឹទ្ធសភានៃប្រទេសបារាំងមួយរូប មកពីគណបក្ស«En Marche!» លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) បានចេញលិខិតប្រកាសព័ត៌មានបញ្ជាក់ពីការទាមទារអោយប្រទេសជាតិហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កោះប្រជុំជាបន្ទាន់ដើម្បីចាត់ការមកលើប្រទេសកម្ពុជា ។ នេះបើយោងតាមការដកស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មានមនោរម្យកាលពីថ្ងៃម្សិលមិញនេះ ។

សារព័ត៌មានដដែលនេះក៏បានបន្តដកស្រង់សម្ដីរបស់លោក លោក អង់ដ្រេ ហ្គាតូឡាំង (André Gattolin) មកចុះផ្សាយអោយដឹងទៀតថា លោក អង់ដ្រេ ហ្គាតូឡាំង បានថ្លែងបន្ត ក្នុងកិច្ចសម្ភាសជាមួយវិទ្យុ «RFI» «ប្រទេសបារាំង ក៏ដូចជាសហភាពអ៊ឺរ៉ុប  ត្រូវកោះប្រជុំ ឲ្យបានលឿនតាមតែអាចធ្វើទៅបាន នូវភាគីហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាព ឆ្នាំ១៩៩១ ដើម្បីសម្លឹងរកមើល ការចាត់វិធានការ នៅចំពោះការងាក​ទៅរករបបផ្ដាច់ការ​មួយ នៅកម្ពុជា។

ក្នុងសេចក្ដីប្រកាសព័ត៌មានជាភាសាបារាំង ដែលត្រូវបានសារព័ត៌មានមនោរម្យបកប្រែមកចុះផ្សាយបានអោយដឹងថា សមាជិកព្រឹទ្ធសភារូបនេះក៏បានលើកឡើងផងដែរថា ការហាមឃាត់ក្រុម​អ្នកនយោបាយប្រឆាំង នៅក្នុងប្រទេសកម្ពុជា មានន័យថា «បន្ទាត់ក្រហម»មួយ ទើបនឹងត្រូវបានលោតរំលង ដោយរដ្ឋាភិបាលកម្ពុជា។ ហើយបរិយាកាសនយោបាយ ក្នុងរយៈពេលចុងក្រោយ បាន«ដើរផ្ទុយទៅនឹងដំណើរការ នៃលទ្ធិប្រជាធិបតេយ្យ ដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ បានកំណត់សម្រាប់ប្រទេសកម្ពុជា»។

សមាជិកព្រឹទ្ធសភារូបនេះ ដែលជាអនុប្រធាននៃគណៈកម្មការ​នៃកិច្ចការអ៊ឺរ៉ុប (របស់ព្រឹទ្ធសភាបារាំង) និងជាអនុប្រធាន នៃក្រុមសមាជិកព្រឹទ្ធសភាជាមិត្ត បារាំង-កម្ពុជា បានបន្តបរិហារសាលក្រម របស់តុលាការកំពូលកម្ពុជា ថាមានលក្ខណៈ«ដ៏អាស្រូវ» និង«ដ៏អយុត្តិធម៌» ដែលមិនគួរឲ្យយល់បាន។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានមនោរម្យនៅថ្ងៃអង្គារ៍នេះ ។

ថ្លែងនៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុសម្លេងបារាំងអន្តរជាតិ «RFI» ផ្សាយជាភាសាបារាំង លោក ហ្គាតូឡាំង បានបញ្ជាក់ថា ប្រទេសបារាំង រួមនឹងសហភាពអ៊ឺរ៉ុប នឹងចាត់វិធានការដ៏ខ្លាំងមួយ ដើម្បីដាក់ទណ្ឌកម្មទៅលើរបបដឹកនាំក្រុងភ្នំពេញ ក្នុងនោះរាប់បញ្ចូល ទាំងការលប់ចោល នូវការអនុគ្រោះពន្ធនាំចូល មកកាន់អ៊ឺរ៉ុប ដែលជាលំហទីផ្សារនាំចេញធំជាងគេបង្អស់ របស់កម្ពុជា និងទាំងទៅលើមន្ត្រីជាន់ខ្ពស់ ដែលជាអ្នកទទួលខុសត្រូវ នៅក្នុងគណបក្សប្រជាជនកម្ពុជា ៕