ការរាប់សន្លឹក​​​ឆ្នោត​​​ឡើងវិញ​​​ធ្វើ​​​ឲ្យ​​​ CNRP ឈ្នះ​​​ពី​​រឃុំ​​​ទៀត​​​យ៉ាង​​​ប្រកៀកប្រកិត

ការរាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិឈ្នះពីរឃុំបន្ថែមទៀត គឺឃុំមួយក្នុងខេត្តបាត់ដំបង និងឃុំមួយទៀតក្នុងខេត្តកំពង់ធំ គឺមួយថ្ងៃបន្ទាប់ពីឃុំសង្កាត់ដំបូងដំបូងនៃឃុំសង្កាត់ចំនួន៤០ដែលមានភាពចម្រូងចម្រាសនៅក្នុងការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ខែមិថុនាបានទៅលើគណបក្សប្រជាជនកម្ពុជានោះ។

បន្ទាប់ពីការរាប់ពេញមួយថ្ងៃ លោក ហង្ស ពុទ្ធា អ្នកនាំាពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីយប់មិញថា គណបក្សសង្គ្រោះជាតិបានឈ្នះត្រឹមតែពីរសំឡេងប៉ុណ្ណោះ ក្នុងឃុំក្លែង ខេត្តកំពង់ធំ។ ពីដំបូងគណបក្សកាន់អំណាចបានឈ្នះតំណែងមេឃុំតែមួយសំឡេងប៉ុណ្ណោះ មុនពេលគណបក្សប្រឆាំងបានប្តឹងទៅគណៈកម្មការរៀបចំការបោះឆ្នោតខេត្តដែលបានបង្វែរការរាប់សន្លឹកឆ្នោតឡើងវិញនេះទៅគ.ជ.ប។

សន្លឹកឆ្នោតចេញពីការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានត្រួតពិនិត្យអំឡុងពេលរាប់សន្លឹកឆ្នោតឡើងវិញនៅទីស្នាក់ការកណ្ដាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

សន្លឹកឆ្នោតចេញពីការបោះឆ្នោតឃុំ សង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ត្រូវបានត្រួតពិនិត្យអំឡុងពេលរាប់សន្លឹកឆ្នោតឡើងវិញនៅទីស្នាក់ការកណ្ដាលរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅក្នុងឃុំបឹងប្រាំ ក្នុងខេត្តបាត់ដំបង គណបក្សសង្គ្រោះជាតិឈ្នះគណបក្សប្រជាជនកម្ពុជា៥៩សំឡេង ដែលពីដំបូងឈ្នះ២៣សំឡេង។

ការទទួលបាននេះកើតមានឡើងបន្ទាប់ពីការរាប់សន្លឹកឆ្នោតឡើងវិញរយៈពេលពីរថ្ងៃក្នុងឃុំដូង ខេត្តស្វាយរៀង ដែលបានទៅគណបក្សប្រជាជនកម្ពុជាត្រឹមពីរសំឡេងកាលពីថ្ងៃអង្គារ បន្ទាប់ពីមានវិវាទដ៏ក្តៅគគុករវាងតំណាងគណបក្សធំៗទាំងពីរនេះកាលពីថ្ងៃមុន។

លោក ហង្ស ពុទ្ធា បានចាត់ទុកដំណើរការរាប់សន្លឹកឆ្នោតឡើងវិញកាលពីម្សិលមិញថា “មានតម្លាភាព” ខណៈដែលអ្នកយកព័ត៌មាននៅក្នុងបន្ទប់សន្លឹកឆ្នោតសង្កេតឃើញថា មានបរិយាកាសស្ងប់ស្ងាត់ជាងវិវាទកាលពីថ្ងៃច័ន្ទ។

លោក ហង្ស ពុទ្ធា បានមានប្រសាសន៍ថា “បើយើងដាក់ចិត្តជាឭអ្នកប្រកួតហើយ រឿងចាញ់ឈ្នះជារឿងធម្មតា”។

លោក ងួន កុលបុត្រតំណាងគណបក្សប្រជាជនកម្ពុជាដែលមានវត្តមាននៅការរាប់សន្លឹកឆ្នោតកាលពីម្សិលមិញ បានមានប្រសាសន៍ ថា លោកទទួលយកលទ្ធផលនេះ។ លោកបានថ្លែងថា “សម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំគិតថា ល្អត្រឹមត្រូវពីព្រោះវាបង្ហាញពីឆន្ទៈទាំងអស់គ្នា”។ លោកបានបន្ថែមថា “យើងមានទាំងតំណាងអង្គការសង្គមស៊ីវិល យើងមានទាំងតំណាងគណបក្សនយោបាយពាក់ព័ន្ធ។ខ្ញុំឃើញថា វាប្រព្រឹត្តទៅល្អហើយ”។

លោក ហង្ស ពុទ្ធា បានថ្លែងថា រហូតមកទល់ពេលនេះ គ.ជ.ប ទទួលបាន៤៧បណ្តឹងចាប់តាំងពីថ្ងៃបោះឆ្នោតមក ហើយ២៣បណ្តឹងត្រូវបានដោះស្រាយរួចហើយ។ លោកបានបន្ថែមថា បណ្តឹងមួយចំនួនទៀតត្រូវបានច្រានចោល។

លោកស្រី ម៉េង សុភារី ប្រធានកិច្ចការបោះឆ្នោតនិងនីតិកម្មរបស់គណបក្សសង្គ្រោ ះជាតិបានមានប្រសាសន៍ថា គណបក្សលោកស្រីបានដាក់បណ្តឹងសរុប៣២បណ្តឹងទៅគ.ជ.ប រួមទាំងសំណើចំនួន៣០ទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងឃុំសង្កាត់ក្នុងខេត្តចំនួន១៥។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា លោកទុកចិត្តលើការរាប់សន្លឹកឆ្នោតចុងក្រោយនេះ ប៉ុន្តែ លោកបាននិយាយឡើងវិញពីការរិះគន់របស់អ្នកសង្កេតការណ៍ឯករាជ្យមួយចំនួនដែលថា បរិយាកាសមុនការបោះឆ្នោតបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ។

ដោយសំដៅដល់លោកសមរង្ស៊ី ដែល បានលាលែងពីតំណែងកាលពីខែកុម្ភៈ មុនពេលការអនុម័តធ្វើវិសោធនកម្មដ៏ចម្រូងចម្រាសចំពោះច្បាប់ស្តីពីគណបក្សនយោបាយនោះ លោកបានថ្លែងថា “ខ្ញុំបាននិយាយហើយថា ‘សេរី និងយុត្តិធម៌’ វាមានពីរ…។ គ.ជ.ប ដំណើរការទៅល្អជាងមុន ប៉ុន្តែ នៅមានបរិយាកាសនៃការបំភិតបំភ័យ គំរាមកំហែង និងគាបសង្កត់ឯកឧត្ដមអតីតប្រធានមិនឱ្យចូលរួមជាមួយយើងដដែល”៕ សារុន