ឧទ្យានប្រវត្តិសាស្ត្រជាតិមានអាយុ១០០ឆ្នាំហើយ Centenal of Lowell National Historical Park

ដោយ ខ្មែរផុសស.រ.អា.

‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›នៅឡូវែល មានអាយុ១០០ឆ្នាំហើយ គឺជាស្នាដៃថែររក្សាសម្បត្តិជាប្រវត្តិសាស្ត្រជាតិរបស់អ្នកគ្រប់គ្រងតំបន់ រួមទាំងអ្នកគ្រប់គ្រងរដ្ឋដែលបានបន្សល់ទុកនូវភស្តុតាងជាមេរៀននៃអតីតកាល ដល់អ្នកជំនាន់ក្រោយ ឱ្យបានឃើញការប្រឹងប្រែងក៏សាងអនាគតរបស់អ្នកជំនាន់មុន ទុកបន្តរឱ្យបានឃើញជាក់ស្តែង ដែលស្របតាមទ្រឹស្តី‹រៀនពីមេរៀនអតីតកាលសម្រាប់បោះជម្ហៀនទៅមុខ›។ អ្នកគ្រប់គ្រងឧទ្យានជាតិ‹The Rangers›នៅឡូវែល ទើបតែរំលឹកពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ កាលពីថ្ងៃទិ២៥សីហាកន្លងទៅ នៅសាលាក្រុងឡូវែល។

ពិធីខួប១០០ឆ្នាំនៃឩទ្យានប្រវត្តិសាស្រ្តជាតិនៅសាលាក្រុងឡូវែល

ពិធីខួប១០០ឆ្នាំនៃឩទ្យានប្រវត្តិសាស្រ្តជាតិនៅសាលាក្រុងឡូវែល

‹សួនឧទ្យានប្រវត្តិសាស្ត្រ›មិនត្រឹមតែសួនច្បារ- ព្រៃឈើ តែប៉ុណ្ណោះទេ គឺរាប់ទាំងអាគ៌ាអាគារធំៗដែលមានជាប់ប្រវត្តិសាស្ត្រ ជ្រលងព្រែកជីកដែលកំពុងហូរកាត់ទីក្រុងឡូវែលរួមទាំងដងស្ទឹង‹មេរីម៉ាក› រូបសំណាក់បូរាណ ឬផ្នូរខ្មោចបុព្វបុរសជាដើម សុទ្ធសឹងបានត្រូវចាត់ទុកជា‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›ទាំងអស់ ដែលក្រុងឡូវែលមានសំណាង ជាពិសេសអស្ចារ្យនោះ ដោយការសារការថែរសម្ភស្សក្រុង ការទុកឱ្យក្រុងនិយាយប្រវត្តិសាស្ត្រដ៏សន្ធឹកសន្ធាប់របស់ខ្លួន ជាហេតុធ្វើឱ្យក្រុងនេះក្លាយជាកន្លែងដែលទាក់ទាញទេសចរកាន់តែច្រើន នឹងជាកន្លែងដែលគួរឱ្យចង់រស់នៅកាន់តែខ្លាំងឡើង។

ទង់ជាតិដំណាងឱ្យ‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›បានត្រូវលើកឡើងនៅសាលាក្រុងឡូវែល ក្នុងរយពេល១ខែ ដោយក្រុមអភិរក្ស the Rangers នាឱកាសខួប១០០ឆ្នាំ ជាការរំលឹកដល់ស្នាដៃថែររក្សាយ៉ាងយកចិត្តទុកដាក់ នឹងដោយក្តីស្រឡាញ់។

សហគមន៍ខ្មែរដែលបានមកតាំងទីនៅតំបន់នេះ តាំងពី៣០ឆ្នាំមកហើយ, បានបង្កើតទៅជាសហគមន៍រីកធំឡើងមួយដោយមិនដឹងខ្លួន, ចូលរួមរស់នៅជាមួយសហគមន៍ដ៎ទៃប្រកបដោយជោគជ័យ ក៏ដោយសារបរិយាកាស នៃការថែរទាំរក្សានូវលំអនៃធម្មជាតិនឹងប្រវត្តិនៃអតីតកាល បានធ្វើឱ្យមនុស្សដែលរស់នៅក្នុងធម្មជាតិនោះ មានសភាពស្ងប់ស្ងាត់ ប្រកបដោយសន្តិភាពផ្លូវចិត្តដែលអ្នកឯកទេសខាងចិត្តសាស្ត្របានវាយតម្លៃថា‹ជាថ្នាំព្យាបាលជម្ងឺផ្លូវចិត្ត›ដ៏មានប្រសិទ្ធភាពទៀតផង។ តាំងពីជាង៣០ឆ្នាំមកនោះ ពលរដ្ឋខ្មែរបានបង្កើតជាមណ្ឌលពាណិជ្ជកម្មមានតំបន់‹ប៉ៃលិនប្លាស្ហា› នៅមានតំបន់‹ផ្សារហុងកុង-ខពលស្គែរ› បង្កើតបានវត្តអារាម បង្កើតកម្មវិធីបុណ្យអុំទូកនៅស្ទឹង‹មេរីម៉ាក› បង្កើតល្បែងនឹងរបាំពេលចូលឆ្នាំនៅ‹ក្លេម៉ងតេផាក› បង្កើតជាកន្លែងជប់លៀង ឥឡូវមានដល់ទៅតំណាងរាស្ត្រ មានក្រុងខ្មែរមានកន្លែងដើរកំសាន្ត កន្លែងកូនខ្មែរលេងកីឡា ទៀតផង ដែលទាំងនេះជាអភិវឌ្ឍន៍សង្គម កើតចេញពីសន្តីភាពផ្លូវចិត្តក្នុងសង្គមមនុស្ស។ប្រជាពលរដ្ឋដើមកំណើតខ្មែរ ដែលមានគ្នាប្រមាណ១ពាន់គ្រួសារ កាលពី២០ឆ្នាំមុន ឥឡូវនេះមានចំនួនជាង៤ម៉ឺននាក់នៅឆ្នាំ២០១៦នេះ។

កញ្ញា លីនដា ស៊ូ ធ្លាប់ជាអ្នកគ្រប់គ្រងនៅសមាគមអង្គរ ដែលបានធ្វើឱ្យរបាំបុរាណខ្មែរល្បីល្បាញឡើងវិញនៅឡូវែល ឥឡូវនេះបានចូលទៅធ្វើការជាអ្នកគ្រប់គ្រងម្នាក់ ក្នុង‹ក្រុមអភិរក្សនៃឱទ្យានប្រវត្តិសាស្ត្រជាតិ›កាលពី២ឆ្នាំមុន,ជាមួយនឹងបុគ្គលិកថ្មីនេះ គេសង្ឃឹមថា‹នឹងមានគំនិតបង្កើតអ្វីថ្មីទៀត› ដែលត្រូវនឹងចំណូលចិត្តរបស់សហគមន៍ខ្មែរ គឺវានឹងបង្កើនសុខភាពផ្លូវចិត្ត ឱ្យរឹតតែប្រសើរបានថែមទៀត។

‹ឧទ្យានប្រវត្តិសាស្ត្រជាតិ›គឺជានយោបាយជាតិ ដើម្បីថែររក្សាបរិស្ថាន ដែលជាគុណប្រយោជន៍ដល់មនុស្សជាតិ ទប់ទល់នឹងការរីកចំរើនសេដ្ឋកិច្ច, បច្ចេកទេស, ឧស្សាហកម្ម, នគរូបនីយកម្ម…។ល។ ដែលបើទោះជាភាពរីកចំរើនវាតទីដល់ណាក៏ដោយ ក៏បរិស្ថាននៃសហរដ្ឋអាមេរីក នៅតែជាទីជម្រកដ៏មានលំនឹង សម្រាប់មនុស្សនឹងសត្វគ្រប់រូប អាចរស់នៅបានដោយសុខសាន្ត៕